កម្មផលមិនមែនសម្រាប់តែឧបាសកនិងឧបាសិកាតែប៉ុណ្ណោះទេ វាគឺជារឿងមួយរបស់មនុស្សទាំងអស់គ្នា នរណាៗក៏ធ្វើកម្ម ហើយនរណាៗ ក៏ត្រូវទទួលផលរបស់កម្ម ដោយឥតប្រកែកបាន ទោះបីគេយល់ដឹងរឿងកម្មក្តី ឬមិនយល់ដឹងក្ដី បើគេធ្វើហើយគេត្រូវតែទទួលផលនៃកម្មទៅតាមហេតុផលនៃច្បាប់របស់កម្ម។



អ្នកកាន់ព្រះពុទ្ធសាសនា បើឡើងដល់ថ្នាក់ជាឧបាសកនិងឧបាសិកាហើយនោះ គេត្រូវតែដឹងទ្រឹស្ដីរបស់កម្មផល ដែលល្មមនឹងបដិបត្តិបាន ព្រោះថាបើគេបដិបត្តិត្រូវ គេមានតម្លៃ ជាតិសាសនាក៏ចម្រើនរុងរឿងផង។

ព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាអង្គម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថា ប្រសិនបើឧបាសកឧបាសិកាណាមួយ ជឿលើមង្គលភ្ញាក់ផ្អើលដូចជឿថា អ្នកមានបុណ្យផុសឯណេះ ផុសឯណោះ ជាដើមក្តី ហើយមិនជឿទៅលើកម្មផលរបស់ខ្លួន បែរជាទៅជឿលើវត្ថុផ្សេងៗទាំងឡាយដូចជា កាប់មិនមុត ដុតមិនឆេះ ថាជាមង្គល ហើយជឿទៅការបោកបញ្ឋោតរបស់ពួកសាសនាព្រាហ្មណ៍ ដោយរៀបចំពិធីបួងសួងសព្វគ្រប់ប្រការ ឧបាសកឧបាសិកានោះ ឈ្មោះថាចណ្ឌាល គឺឧបាសកឧបាសិកាអន់ថយ...មិនជាបុគ្គលគួរឱ្យប្រាថ្នាឡើយ។ បើឧបាសកឧបាសិកាណាជឿទៅលើកម្មផល ហើយចេះបដិបត្តិអប់រំកាយវាចាចិត្តទៅតាមធម៌វិន័យ ឧបាសកឧបាសិកានោះឈ្មោះថា រតនៈឧបាសកឧបាសិកា គឺឧបាសកឧបាសិកាស្ថិតនៅក្នុងភាពនៃជីវិតថ្លៃថ្នូរ ហើយនិងបានជាឧបាសកឧបាសិកាគួរលើកតម្កើង គួរគោរពបូជា។

ប៉ុន្តែសព្វថ្ងៃនេះចំពោះរតនៈឧបាសក ឧបាសិកា មិនមានចំនួនច្រើនទេ ចំណែកឯចណ្ឌាលឧបាសកឧបាសិកាវិញ គឺមានចំនួនច្រើនណាស់ ឯអ្នកមិនប្រាកដជាអ្នកកាន់ព្រះពុទ្ធសាសនាវិញនោះរឹតតែច្រើនណាស់ទៅទៀត ដូច្នេះហើយបានជាសង្គមជាតិនេះចេះតែអន់ថយចុះ។

ហើយម្យ៉ាងទៀត អ្នកខ្លះបានជាប្រថុយខ្លួនធ្វើជាឧបាសកឧបាសិកាព្រោះមានផ្លូវមួយ គឺចង់យកព្រះពុទ្ធសាសនា ឬអំណាចសីលរបស់ខ្លួនធ្វើជាវាំងននបាំងមុខដើម្បីជាអាជីពរបស់ខ្លួនតែប៉ុណ្ណោះ បុគ្គលអលជ្ជីឥតខ្មាសអៀនដូច្នោះគឺបុគ្គលថោកទាបជាទីបំផុត ហើយបុគ្គលពួកនេះហើយ ដែលធ្វើឱ្យព្រះពុទ្ធសានាអន់ថយចុះឥទ្ធិពល។ ព្រោះសព្វថ្ងៃនេះ គឺមានអ្នកបន្លំខ្លួនច្រើនណាស់ក្នុងព្រះពុទ្ធសាសនា ហើយពួកគេតែងធ្វើនូវអ្វីៗសព្វគ្រប់ប្រការ ដើម្បីបាននូវលាភសក្ការៈតែម្យ៉ាងប៉ុណ្ណោះ ដោយយកព្រះពុទ្ធសាសនាធ្វើជាខែល វាំងនន សម្រាប់បិទបាំងដោយពុំខ្លាចកម្មពៀរវេរាអ្វីទាំងអស់ នេះហើយដែលព្រះពុទ្ធសម្ដែងថា មានខ្លួនជាមនុស្សតែចិត្តជាតិរច្ឆាន!៕៚


ស្រង់ចេញពីសៀវភៅ រៀបចំដំណើរជីវិត ប្រព្រឹត្តតាមពុទ្ធដីកា ដោយ

ព្រះសិរីកោសល សុំ សុខា