ព្រះពុទ្ធភាសិត សាមគ្គី សាមគ្គានំ តបោ សុខោ ប្រែថា ការព្រមព្រៀងគ្នារបស់អ្នកព្រមព្រៀងគ្នាទាំងឡាយជាតបធម៌នាំមកនូវសេចក្តីសុខ។ មានន័យថា សង្គមណាក៏ដោយ បើមានការព្រមព្រៀងគ្នាដោយកាយវាចាចិត្តហើយ សង្គមនោះរមែងបានសេចក្តីសុខ។ មូលហេតុដែលនាំឱ្យកើតសាមគ្គី សូមលើកយកតែធម៌មួយជាចំបង គឺព្រះសង្ឃគោរពព្រះវិន័យ បើគ្រហស្ថគោរពច្បាប់ជាតិទាំងច្បាប់អន្តរជាតិ នោះសាមគ្គីរមែងកើតមាន។


ចំពោះព្រះសង្ឃព្រះពុទ្ធសាសនា ព្រះពុទ្ធបានបញ្ញត្តិព្រះវិន័យទុកជាក្បួនខ្នាតសំរាប់ព្រះសង្ឃគ្រប់ព្រះអង្គប្រតិបត្តិតាមដើម្បីសេចក្តីបរិសុទ្ធក្នុងសង្គមរបស់ព្រះសង្ឃ បើព្រះសង្ឃបរិសុទ្ធគ្រប់អង្គហើយសាមគ្គីរមែងកើតមាន កាលណាបើមានសាមគ្គីហើយ សេចក្តីសុខរមែងកើតមាន។ ផ្ទុយទៅវិញ ព្រះសង្ឃបរិសុទ្ធនឹងមិនសាមគ្គីជាមួយព្រះសង្ឃមិនបរិសុទ្ធមិនគោរពព្រះវិន័យ មានមិនធ្វើសង្ឃកម្មជាមួយជាដើម ។ បើព្រះសង្ឃគ្រប់វត្តក្នុងប្រទេសកម្ពុជាគោរពព្រះវិន័យ នោះសាមគ្គីរបស់ព្រះសង្ឃរមែងកើតមានទូទាំងប្រទេសដែរ ព្រោះព្រះវិន័យទុកជាបន្ទាត់សំរាប់ព្រះសង្ឃគ្រប់ព្រះអង្គគោរពទាំងអស់គ្នា ។ បើព្រះសង្ឃអង្គណាមានកំហុសត្រូវអនុវត្តតាមព្រះវិន័យ ។ ព្រះសង្ឃបរិសុទ្ធពុំអាចធ្វើសង្ឃកម្មជាមួយព្រះសង្ឃមានកំហុស ឬមានកំហុសហើយពុំបានសំអាតឱ្យបរិសុទ្ធ។ ដូច្នេះបញ្ជាក់ថា សាមគ្គីធ្វើសង្ឃកម្មជាមួយគ្នារបស់ព្រះសង្ឃ កើតឡើងដោយព្រះសង្ឃគោរពព្រះវិន័យដូចគ្នា។ កិច្ចការរបស់ព្រះសង្ឃដែលហៅថាសង្ឃកម្មមានច្រើនដែលព្រះសង្ឃក្នុងព្រះពុទ្ធសាសនាត្រូវព្រមព្រៀងគ្នាធ្វើ ដូចជាធ្វើឧបោសថសំដែងបាតិមោក្ខ ធ្វើកឋិនកម្ម បវារណាកម្មជាដើម។ ពេលមានកិច្ចប្រជុំត្រូវព្រមព្រៀងគ្នាប្រជុំ និងព្រមព្រៀងគ្នាក្រោកចាកការប្រជុំជាដើម។ ដូច្នេះ បើព្រះសង្ឃទាំងអស់អង្គគោរពព្រះវិន័យ សាមគ្គីរមែងកើតឡើង៕៚

ស្រង់ចេញពីសៀវភៅ តួនាទីរបស់ព្រះសង្ឃ ក្នុងសង្គមខ្មែរ របស់ព្រះតេជគុណបណ្ឌិត ហុក សាវណ្ណ