ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង
គឺនៅពេលដែលយើងអស់លទ្ធភាពធ្វើហើយ អស់ពាក្យដែលត្រូវតវ៉ាហើយ សេរីភាពចុងក្រោយរបស់យើងគឺឋិតនៅលើការគិត គិតយ៉ាងណាឲ្យចិត្តស្ងប់កុំរំជួលញាប់ញ័រនាំបំផ្លាញខ្លួនឯងទេ ។ ការគិតព្រមតាមកម្មតាមហេតុបច្ច័យ មិនមែនចេះតែព្រមងាយៗនោះទេ កុំស្អីបន្តិចទុកឲ្យហេតុបច្ច័យៗហើយតាំងថាព្រះពុទ្ធលោកប្រដៅអញ្ចឹង ! មិនមើលព្រះជនកដែលលោកខំហែលឆ្លងសមុទ្ទមិនស្រែកហៅទេវតាឲ្យជួយផង ឬក៏លោកព្រមតាមហេតុបច្ច័យលេងៗ ព្រមឲ្យកម្មចាត់ចែងលោក ហើយបោះបង់ការតស៌ូចោលជាមុននោះ ? ព្រះពុទ្ធលោកប្រដៅឲ្យតស៊ូមុន តស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី កុំរវល់តែសំពះភ្លេចកម្លាំងខ្លួនឯងឲ្យសោះ ។
គតិបណ្ឌិតគឺជាភ្លើងប្រទីប កាលណាយើងចេះប្រើវាបានល្អវានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ! ។ អ្វីៗក្នុងលោកកើតឡើងព្រោះការព្យាយាម ! មនុស្សម្នាក់បានយកពាក្យនេះមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយកម្លាំងចិត្ត ឆ្កួតវង្វេងឈឺស្លាប់បាត់អសារឥតការក៏មាន នៅក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិសម្ពោជ្ឈង្គៈយ៉ាងក្បោះក្បាយ បើងុយត្រូវដេក បើឃ្លានត្រូវសីុ ដេកអស់ងងុយត្រូវក្រោកធ្វើបន្តទៀត រាងកាយមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើងចប់ហើយ ! បើអ្នករវល់រហូតដល់គ្មានពេលហូប នោះគឺជាពេលដែលអ្នកត្រូវសម្រាកហើយ ។ ពេលអ្នកត្រូវទទួលផលវិបាកពីអ្វីមួយ ព្រះពុទ្ធលោកហៅថាជាកម្មវិបាកឬវិបាករបស់កម្ម ឬផលកម្មហុចឲ្យ ពេលនោះអ្នកត្រូវពិចារណាពីហេតុរបស់វាដែលមានពីរយ៉ាង គឺ កម្មចាស់(ក្នុងអតីតជាតិឬអតីតអទ្ធា)និងកម្មថ្មី(ក្នុងបច្ចុប្បន្នជាតិឬបច្ចុប្បន្នអទ្ធា)។
ហេតុអីមនុស្សម្នាក់នោះមានអាយុខ្លី?
១- កម្មចាស់ៈព្រោះបានកាប់សម្លាប់បំបាត់ជីវិតគេក្នុងកាលជាតិមុន
២- កម្មថ្មីៈ ព្រះពុទ្ធលោកពន្យល់ថា អាយុខ្លីព្រោះហេតុ៥យ៉ាងៈ
ក- មិនចេះធ្វើចិត្តឲ្យរីករាយជ្រះថ្លា(ម៉្ងៃៗគិតតែពីរឿងអាក្រក់រឿងច្រណែននិន្ទារឿងគំនុំជាដើម។
ខ- មិនស្គាល់ប្រមាណក្នុងការសប្បាយ(ខ្លួនមិនចេះហែលទឹកទេ តែបែរជាជិះទូកដើរលេង នាំគ្នាជិះឡានណែនណាន់តាន់តាប់ហែរកឋិនដល់ពេលត្រូវក្រឡាប់ងាប់អស់តាំងបន្ទោសថាបុណ្យមិនជួយ ហើយស្អប់លែងធ្វើបុណ្យតទៅទៀត)។
គ- មិនស្គាល់ប្រមាណក្នុងអាហារ(ហូបលើសកំរិតទាល់តែឈឺ ឬតមអាហារពេក អាហារដាក់ថ្នាំគីមីហើយនៅតែមិនចេះរើសមុខម្ហូប)។
ឃ- ត្រាច់ទៅកាន់ទីមិនគួរមិនដឹងកាលៈទេសៈ(ដឹងថាអុយក្រែននិងរូស្សីកំពុងតែបាញ់មីសីុលដាក់គ្នានៅតែជិះកប៉ាល់ហោះកាត់ ទាល់តែឆេះស្លាប់អស់២៩៨នាក់ទទេរ)។
ង- មិនប្រព្រឹត្តិព្រហ្មចរិយធម៌(មិនរក្សាសីលធ្វើសមាធិវិបស្សនាដើម្បីកាត់បន្ថយចំណង់តណ្ហាខ្លះ ចេះតែបណ្តែតបណ្តោយធ្វើតាមតែចិត្តចង់ទើបនាំឲ្យមានក្តីវិនាសជាដើម)។
ប្រភព ហ្វេសប៊ុក Thong Nidamony
ប្រភព ៥០០០ឆ្នាំ




Post a Comment
0 Comments